ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យឆក់ទូរស័ព្ទអ្នកធ្វើដំណើរតាមកង់បីឥឡូវសមត្ថកិច្ចស្រាវជ្រាវក្របួចបានហើយ

 

ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរឆក់ដែលបានធ្វើសកម្មភាពយ៉ាងសកម្មឆក់ទូរស័ព្ទរបស់អ្នកដំណើរ​ជិះនៅ​លើ​កង់បី​កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពេលនេះ ត្រូវបានកម្លាំងការិ-នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់។

សមត្ថកិច្ចដដែលបន្តថា ជនសង្ស័យ​ដែលសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនរួមមាន៖

១- ឈ្មោះងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។

២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ។

៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ។

យោងតាមរបាយការណ៍របស់​សមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២៣ មានករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧
មករា រាជធានីភ្នំពេញ ។

ក្រោយ​ពីការធ្វើ​ការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏​ឈានទៅ​ដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ក្នុងនោះ​នៅ​ថ្ងៃទី១១ ខែកុម្ភៈ សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតនៅចំណុចខាងមុខផ្ទះលេខ ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់បានសារភាពថា ពួកខ្លួនពិតជាឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

kdn

Leave a Reply

Your email address will not be published.