ព័ត៌មានសន្តិសុខសង្គម

ភ្លៀងធ្លាក់ជាប់ៗ គ្នាច្រើនថ្ងៃ បណ្តាលឱ្យលិចភូមិចំនួន២ នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមេឃធ្លាក់ភ្លៀងជាប់ៗ គ្នាជាច្រើនថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ បណ្តាលឱ្យក្លាយទៅជាជំនន់ ហូរបុកយ៉ាងគំហុកក្នុងទិសដៅពីលិចទៅកើត ធ្វើឱ្យលិចលំនៅស្ថានប្រជាពលរដ្ឋចំនួន២ភូមិ និងលិចដំណាំ ដាំដុះរបស់ពួកគាត់ អស់ជាច្រើនហិកតា ។


ហេតុការណ៍ភ្លៀងក្លាយទៅជាទឹកជំនន់នេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


លោកជំទាវបាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានឱ្យដឹងថា ដោយទទួលបានព័ត៍មានពីអាជ្ញាធរមូលដ្ឋានទើបក្រុមការងារតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមយុវជន ស.ស.យ.ក. ខេត្ត និងអាជ្ញាធរខេត្ត ដែលដឹកនាំដោយលោកជំទាវ ផ្ទាល់បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរពិស ជម្ងឺរោគាផ្សេងៗព្រមទាំងត្រៀមខ្លួនរកទីទួលមានសុវត្ថិភាព បើសិនជាទឹកនៅតែបន្តជន់ខ្លាំងឡើងៗ ។


លោកជំទាវបន្តទៀតថា ជំនន់ទឹកភ្លៀង បានបណ្តាលឱ្យលិចលង់ដំណាំដាំដុះមួយចំនួន ហើយមិនទាន់ស្រកទៅវិញនៅឡើយទេ លុះត្រាតែរាំងភ្លៀងទៅវិញ ហើយកម្លាំងសមត្ថកិច្ចក៏ត្រូវត្រៀមខ្លួនជួយសង្រ្គោះបន្ទាន់ផងដែរ ករណីមានហានិភ័យណាមួយកើតឡើងដល់ប្រជាពលរដ្ឋ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.