ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាបុគ្គលិលធនាគារ របស់ក្រុមហ៊ុនមួយ ដោយគេសង្ស័យថា ក្រោយផឹកស៊ីស្រវឹងជោកជាំ បើកបររថយន្តក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្អូតធ្លាក់ក្នុងប្រឡាយអត់ទឹក បណ្ដាលក្រឡាប់ជាច្រើនត្រឡប់រងរបួសធ្ងន់ដង្ហើម ចង្រិត និងខូចខាតរថយន្ត០១គ្រឿង កម្រិតធ្ងន់ផងដែរ។
ហេតុការណ៍ករណីបុគ្គលិកធនាគារម្នាក់ បើកបររថយន្តធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចមុខបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ ស៊ឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ (មុខរបរបុគ្គលិកធនាគា) រស់នៅក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបើកបររថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N.7041 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រ យ័ត្នត្រង់ចំណុចផ្លូវកោង ពោលគឺដោយស្ថិតនៅក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ក៏ជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ រងរបួសធ្ងន់តែម្តង។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងដែរថា ការបើកបរក្នុងស្ថានភាពស្រវឹងបែបនេះ ពិតជាគ្រោះថ្នាក់ខ្លាំងចំពោះខ្លួនឯង និងអ្នកដទៃ។ នេះសំណាងហើយ ដែលមិនរេចង្កូតទៅបុកឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃដោយសារតែផឹកស្រាស្រវឹងជោកជាំ។
ប្រជាពលរដ្ឋបន្តទៀតថា បើសិនជាស្រវឹងសូមកុំបើកបរ បើសិនជាបើកបរលើដងផ្លូវ សូមកុំហូបគ្រឿងស្រវឹង ព្រោះបញ្ហានេះ មិនត្រឹមតែប៉ះពាល់សុខភាពរាងកាយខ្លួនឯង ឬគ្រោះថ្នាក់ខ្លួនឯងប៉ុណ្ណោះទេ អាចនឹងបង្កបញ្ហាដល់អ្នកដទៃថែមទៀតផងដែរ។
ប្រភពដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិហៅរថយន្តសង្គ្រោះ បញ្ជូនទៅកាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែករថយន្ត ដែលរងការខូចខាតយ៉ាងដំណំ ត្រូវបានគេប្រគល់ជូនសាច់ញាតិ យកទៅជួសជុលក្នុងក្រុងប៉ៃលិន៕ ដោយ ៖ នាក់ ង៉យ