បាត់ដំបង:លោក អ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងនាពេលថ្មីៗនេះថា ស្តីពីរបាយការណ៍ស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤ នាថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
ស្ថិតិភ្ញៀវទេសចរថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មាន៖
-ភ្ញៀវជាតិ មានចំនួន ៣៥២,៧៩០ នាក់ មានការកើនឡើង ៦៧.៧៨% បើធៀបឆ្នាំ២០២២ មានចំនួន ២១០,២៧៤ នាក់
-ភ្ញៀវអន្តរជាតិ មានចំនួន ៩១៨ នាក់ មានការកើនឡើង ២០.១៦% បើធៀបឆ្នាំ២០២២ មានចំនួន ៧៦៤ នាក់
-ភ្ញៀវទេសចរសរុប មានចំនួន ៣៥៣,៧០៨ នាក់ មានការកើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានចំនួន ២១១,០៣៨ នាក់ ។
លោកប្រធានមន្ទីរដដែលបានបន្តទៀតថា កត្តាដែលធ្វើឱ្យភ្ញៀវមានការកើនឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ខេត្តបាត់ដំបង និងពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ ចូល២០២៤ មានដូចខាងក្រោម:
១. កត្តាទីតាំង
រដ្ឋបាលខេត្តបានពង្រីកទីតាំងសម្រាប់រៀបចំពិធីយ៉ាងទូលាយអាចលេងកម្សាន្តបានច្រើនកន្លែង។
២.កត្តាសន្តិសុខសុវត្ថិភាព
មានកងកម្លាំងប្រចាំការទាំងយប់និងថ្ងៃ សម្រួលដល់ការធ្វើចរាចរណ៍និងសុវត្ថិភាពភ្ញៀវ។
៣. កត្តាព្រឹត្តិការណ៍សម្បូរបែប
-ពិពណ៌ផលិតផលក្នុងស្រុក2ទីតាំង និងស្តង់ភូមិមួយផលិតផលមួយ
-ព្រឹត្តិការណ៍ពិពណ៌ម្ហូបអាហារ បង្អែម ខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទរខេត្តបាត់ដំបងចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូផ្នែកម្ហូបអាហារ។
-តន្រ្តីខ្នាតយក្សចំនួន ២ទីតាំង
-ព្រឹត្តិការណ៍បាញ់កាំជ្រួច អបអរឆ្លងឆ្នាំសកល
-ព្រឹត្តិការណ៍ប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង
– ភូមិខ្មែរ មានតាំងលក់ម្ហូបបង្អែមខ្មែរ និងទីតាំងថតរូបស្អាតៗនិងទាក់ទាញ។
៤. កត្តាតម្លៃ
នៅតាមបណ្តាមូលដ្ឋានអាជីវកម្មរក្សាបាននូវតម្លៃសមរម្យ ជាមួយនឹងភាពសម្បូរបែបនៃសេវាកម្មជូនភ្ញៀវ (ច្រើនជម្រើស)។
៥.កត្តាសេដ្ឋកិច្ច
ប្រជាជនចាប់ផ្តើមមានជីវភាពប្រសើរជាងឆ្នាំមុន។
៦. កត្តាសុវត្ថិភាពសុខាភិបាល
មិនមានជំងឺឆ្លង
៧. កត្តាហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវជាតិលេខ5 មកកាន់ខេត្តបាត់ដំបងបានសម្ពោធជាផ្លូវការ នឹងភាពងាយស្រួល ឆាប់រហ័សដល់ការធ្វើដំណើររបស់ទេសចរ។
៨. កត្តាគោលដៅទេសចរណ៍និង
តំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានកំណើនដល់ ១១៥ កន្លែង និងមានភាពទាក់ទាញខ្លាំងដោយសារជារដូវអំនោយផលដល់ការកម្សាន្តសប្បាយ (រមណីយដ្ឋានជាប់មាត់ទឹកស្អាត ទឹកថ្លាល្អ) អាកាសធាតុល្អ។
៩. កត្តាប្រជាពលរដ្ឋ
ប្រជាពលរដ្ឋក្នុងខេត្តយល់អំពីតម្លៃនៃទេសចរណ៍ យល់អំពីបដិសណ្ឋារកិច្ច ញញឹម រាក់ទាក់ សេវា ប្រកបដោយភាពសិ្នទ្ឋស្នាល។
១០. កត្តាតុបតែតងលម្អ
នៅតាមបណ្តាទីតាំងសំខាន់ៗមានរៀបចំភ្លើងពណ៌បំភ្លឺយ៉ាងស្រស់ត្រកាល។
១១. កត្តាការចូលរួម
មន្ទីរអង្គភាព ក្រុងស្រុក បានសហការចូលរួមរៀបចំដាក់តាំងម្ហូបអាហារប្រកបដោយភាពទាក់ទាញនិងសម្បូរបែប។ អាជីវករលក់ដូរចូលរួមច្រើនជាងឆ្នាំមុន២ដង និងបង្កើននូវមុខម្ហូបចម្រុះច្រើនជាងឆ្នាំមុន។
ក្នុងនោះផងដែរលោកប្រធានមន្ទីរបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាអាជីវករដែលបម្រើសេវាដល់ភ្ញៀវទេសចរណ៍ឱ្យចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានទីកន្លែងទេសចរណ៍មានភាពស្រស់ស្អាតនិងការលក់ដូរម្ហូបអាហារមានអនាម័យនិងការវេចខ្ចប់ កាកសំណល់សំរាមទុកដាក់ឱ្យមានរបៀបរៀបរយដើម្បីចូលរួមថែរក្សាបរិស្ថានឱ្យបានស្រស់បំព្រងជាការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសម្រាកលេងនិងស្នាក់នៅក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបងឱ្យបានច្រើនកុះករបន្ថែមទៀត។