ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់នូវព័ត៌មានលម្អិតពាក់ព័ន្ធករណីប្តីបាញ់សម្លាប់ប្រពន្ធហើយបាញ់សម្លាប់ខ្លួនឯង នៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់រាជធានីភ្នំពេញគឺករណីនេះបានកើតឡើងដោយសារអំណាចនៃភ្លើងប្រចណ្ឌ។
សមត្ថកិច្ចបានបន្តថា អំពីឃាតកម្មនេះបានកើតឡើងនៅម៉ោង៦.០០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយរងផ្នែកបច្ចេកទេស(ស័ក្ត៤កន្លះវរៈសេនីយ៏ត្រី) និងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០១គ្រាប់ចំក្បាលចំហៀងខាងស្តាំធ្លាយទៅខាងឆ្វេង។
ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីដា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេផ្ទះ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០២គ្រាប់ ត្រូវចំប្រអប់ទ្រូងខាងស្តាំធ្លាយមកប្រអប់ទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងត្រូវចំក្រោមផ្ចិតធ្លាយមកកណ្តាលខ្នងចំនួន០១កន្លែង។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរួមមានអាវុធខ្លី០១ដើម ម៉ាកឡុកចិន CF92 ពណ៌ខ្មៅ លេខ 00249109236, បង់ចំនួន០១, គ្រាប់ចំនួន០៥គ្រាប់, សំបកគ្រាប់ចំនួន០៣សំបក ត្រូវបានការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក។
តាមការបំភ្លឺរបស់ឈ្មោះ អ៊ុក សុផាន់ណា ភេទស្រី អាយុ៤៥ ឆ្នាំ ដែលត្រូវជាបងស្រីរបស់ឈ្មោះ អ៊ុក ម៉ារ៉ាឌី បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥៖១០នាទីល្ងាច រូបគាត់ (ឈ្មោះ អ៊ុក សុផាន់ណា) កំពុងដាំបាយនៅក្នុងផ្ទះកើតហេតុ ស្រាប់តែឃើញប្អូនប្រុសឈ្មោះ អ៊ុក ម៉ារ៉ាឌី ត្រឡប់មកផ្ទះ ហើយមួយសន្ទុះក្រោយមកក៏ឃើញប្រពន្ធឈ្មោះ កែវ ស្រីដា ត្រឡប់មកផ្ទះតាមក្រោយ ក្នុងពេលនោះអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា (ដោយស្រ្តីជាប្រពន្ធប្រច័ណ្ឌចោទប្តីថាមានស្រី) ខណៈនោះឈ្មោះ អ៊ុក ម៉ារ៉ាឌី បានយកកាំភ្លើងខ្លី០១ដើមម៉ាកឡុកចិន ពណ៌ខ្មៅ មកអាមេគំរាមប្រពន្ធឈ្មោះ កែវ ស្រីដា ក្នុងពេលនោះឈ្មោះ អ៊ុក សុផាន់ណា បានស្ទុះចេញពីចង្រ្កានបាយចូលទៅឃាត់អ្នកទាំង០២នាក់ ឲ្យឈប់ឈ្លោះគ្នា រួចដើរត្រឡប់មកកន្លែងដាំបាយវិញ ស្រាប់តែអ្នកទាំង០២នាក់ បានឈ្លោះគ្នាបន្តទៀត ហើយក៏ឮស្នួរកាំភ្លើងចំនួន០២គ្រាប់បន្តបន្ទាប់គ្នា ពេលនោះ ឈ្មោះ អ៊ុក សុផាន់ណា បានរត់ទៅមើលឃើញឈ្មោះ អ៊ុក ម៉ារ៉ាឌី ដេកស្លាប់នៅលើកំរាលឥដ្ឋ ចំណែកឈ្មោះ កែវ ស្រីដា បានដេកស្លាប់នៅលើកៅអីផ្ងារក្រោយក្បាលទល់ឥដ្ឋ (នៅក្បែរគ្នា)។
តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័្ចយរាជធានីភ្នំពេញ , ការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការប្រមូលព័ត៌មាននៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋាន ជាករណីឃាតកម្ម បាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯង ពិតប្រាកដមែន។
ចំពោះសពប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិពៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកសពប្រពន្ធឈ្មោះ កែវ ស្រីដា ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕