ព័ត៌មានជាតិ

អភិបាលខេត្តជម្រុញឱ្យបំរើសេវាកាន់តែលឿនរហ័ស និង មានការជឿទុកចិត្ត ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានបំរើសេវាឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត ជូនប្រជាពលរដ្ឋនិងត្រូវលុបបំបាត់នូវភាពអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្ត ឬ ទារលុយកាក់ពីពួកគាត់។

ឯកឧត្តមបន្តថា កន្លងមកអាជ្ញាធរមូលដ្ឋានបំរើសេវាជូនពួកគាត់បានល្អហើយ ប៉ុន្តែនៅមានចំណុចខ្លះមិនទាន់បំរើពួកគាត់បានល្អនៅឡើយ បានធ្វើឱ្យពួកគាត់ថ្នាំងថ្នាក់ចិត្ត នូវអ្វីដែលពួកគាត់សំនូមពរត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយឲ្យសកម្មភាពថែមទៀត ចំពោះបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋជួប ដូចជាបញ្ហាគ្រោះរាំងស្ងួត ប្រឈមខ្វះខាតទឹកស្រោចស្រពស្រូវ បញ្ហាទំនាស់ដីធ្លី សន្តិសុខសុវត្ថិភាព និងបញ្ហផ្សេងៗទៀត។

ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់គ្រប់បណ្តាកងឯកភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត និងតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសប្បាយរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានថ្លែងបែបនេះ កាលថ្ងៃទី២២ សីហា ឆ្នាំ២០២២នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត មានការចូលរួមពី អភិបាលរងខេត្ត  មេបញ្ជាការយោធាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាព មេបញ្ជាការគ្រប់កងឯកភាព ជុំវិញខេត្ត។

kdn

Leave a Reply

Your email address will not be published.