ខេត្តររតនគិរី:ដោយសារតែពេលកន្លងមកថ្មីៗនេះ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយ និងចាប់ខ្លួនមនុស្ស១៥នាក់ នៅសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរីបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនបានសួរមកអ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយបំភ្លឺឡើងវិញម្តងទៀតថាតើករណីផលិតទឹកឃ្មុំក្លែងក្លាយមានពិតប្រាកដឬយ៉ាងណា? បើសិនពិតជាមានមែនបានធ្វើឱ្យពួកគាត់ដែលធ្លាប់តែទិញគេដើររែកលក់តាមផ្លូវយកមកប្រើប្រាស់ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងខូចខាតទាំងឨសថថ្លៃៗដែលពួកគាត់បានទិញយកមកលាយជាមួយទឹកឃ្មុំនោះដើម្បីធ្វើថ្នាំព្យាបាលជម្ងឺខូចខាតថែមទៀតផង!។
ពួកគាត់បានបន្តថាពួកគាត់បានគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរីដែលបានចុះបង្រ្កាបករណីផលិតទឹកឃ្មុំក្លែងក្លាយបែបនេះកុំឱ្យពួកគេដើរលក់បន្លំបោកប្រាស់បន្តទៀតដើម្បីលក់យកផលចំណេញគិតតែប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដ៏ទៃឡើយ។
ពួកគាត់បន្តថាកន្លងមកគឺពួកគាត់ធ្លាប់បានទិញទឹកឃ្មុំដែលគេដើររែកលក់នេះទាំងលីត្រៗគឺមិនមានគុណភាពសោះនិងថែមទាំងខូចថ្មាំថ្លៃៗអស់លុយរាប់រយដុល្លារថែមទៀតទើបដឹងថាទឹកឃ្មុំនេះក្លែងក្លាយមិនសុទ្ធចាញ់បោកពួកអ្នកលក់ភូតកុហក់ទាំងអស់នេះពួកគេសុទ្ធតែអះអាងថាទឹកឃ្មុំរបស់ពួកគេយកមកពីព្រៃភ្នំធម្មជាតិសុទ្ធ១០០%តាមពិតទឹកឃ្មុំធ្វើពីមេស្ករក្លែងក្លាយសោះ។
សូមរំលឹកថា កាលពីវេលាម៉ោង១៩ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះដឹកនាំផ្ទាល់ដោយឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថាក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។
ពាក់ព័ន្ធករណីចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដករហូតវត្ថុតាង មួយចំនួនដូចជា (ម៉ូតូចំនួន១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួនមួយ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង គឺបានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី៕