ពោធិសាត់: កម្លាំងអន្តរាគមន៍ នៃអធិការនគរបាលស្រុកតាលោសែនជ័យ:នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២និង១២នាទីបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំផ្ទះរុង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ប៊ុន សំអាត ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កសិករ ម្នាក់ទៀតឈ្មោះ ហ៊ួយ វ៉ាន ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកសិករ ជនសង្ស័យទាំងពីរមានទីលំនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាថ្ងៃខែឆ្នាំខាងលើកម្លាំងសមត្ថកិច្ចបានចុះល្បាតនិងការពារសន្ថិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រាប់តែដល់ចំណុចព្រៃតូង ស្ថិតនៅក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានពន្ធ គ្មានស្លាកលេខ និងបានធ្វើការឆែកឆេរក៏ប្រទះឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងធ្វើការឃាត់ខ្លួនតែម្តង។
បន្ទាប់ពីឃាត់នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថាខ្លួនទើបតែបានទិញថ្នាំជក់អស់ចំនួន២ម៉ឺនរៀលពិតប្រាកដមែនហើយរយះពេលនៃការប្រើប្រាស់គ្រឿងញៀនកន្លងមកទើបតែប្រើប្រាស់ជាងមួយឆ្នាំនោះទេ៕
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាងសមត្ថកិច្ចកំពុងចាត់ការបន្តទៅការិយាល័យជំនាញស្នងការខេត្តដើម្បីអនុវត្តបន្ត។