ស្រុកអង្គរបុរីៈ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៊ុន អធិការនគរបាលស្រុកបានឲ្យដឹងថា មុខសញ្ញាជួញដូរនិងប្រើប្រាស់សាធាតុញៀនចំនួន០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីចុងសប្តាហ៏កន្លងមកនេះពីបទជួញដូរដឹកជញ្ជូនរក្សានូវសារធាតុញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន។
លោកបន្តថា មុនធ្វើការបង្ក្រាបពួកគេបានទាំងពីរនាក់នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលបាស្រែ បានបង្រ្កាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយករណី នៅចំណុចឃ្លាំងស្រូវទុកចោល ស្ថិតក្នុងភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
លោកបន្តថា ការឃាត់ខ្លួនបានមុខសញ្ញាជួញដូរនិងប្រើប្រាស់សាធាតុញៀន ០២នាក់ នេះមានទី១ឈ្មោះ ហុក ហាប់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ទី២ឈ្មោះ ឃាង ឡុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ព្រមទាំងដកហូតបានៈ ១.ម្សៅក្រាមថ្លាពណ៌សថ្លាចំនួន២២កញ្ចប់ ២.ថង់ផ្លាស្ទិកសម្រាប់ច្រកសារធាតុញៀនមួយចំនួន ៣.ម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ៤.ទូរស័ព្ទមួយគ្រឿងម៉ាក oppo ពណ៌ស្វាយ ៥.កាំភ្លើងកែច្នៃមួយដើម ៦.ដែកកេស ០៥ដើម ៧.ប្រអប់ខ្មៅសម្រាប់ដាក់ថ្នាំញៀន និងសម្ភារៈសេពថ្នាំញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីរ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការតាមនីតិវិធី ។