ខេត្តប៉ៃលិនៈ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិនបានឲ្យដឹងថា កម្លាំងនគរបាលជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិននិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំស្ទឹងកាច់ ចុះបង្ក្រាបករណីជូញដូរគ្រឿងញៀនខុសច្បាប់ចំនួន០១ករណី នៅចំណុចទល់មុខអាហារដ្ឋានសែនសប្បាយ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ពៅ ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង,នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចជំនាញខាងលើបានបញ្ជាក់ថា ក្រោយការឃាត់ វត្ថុតាងដកហូតបានរួមមាន ៖ ទី១/ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកកICEចំនួន ០២ កញ្ចប់ធំទី២/ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ស គ្មានផ្លាកលេខ សេរីឆ្នាំ ២០១៩ទី៣/ ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកSAMSUNG ពណ៍ខ្មៅ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងអនុវត្តនីតិវិធីជាបន្ត ៕ នាក់ ង៉យ