ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថ​ខខេត្ត បញ្ជូនក្មេងទំនេីង​ ៥នាក់​ ករណី​ ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី

បន្ទាយមានជ័យ​៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក​ បេីកប្រតិបត្តិការ​បង្ក្រាប​ក្មេងទំនេីង​ចំនួន០៥នាក់ ពាក់ព័ន្ធករណី​ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយ
មានជ័យ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។

 

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឱ្យដឹងថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ​ ខោត មុនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ ឈឹម​ ប៊ុនឈឿម​ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងរបស់លោកសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់បានជនបង្កចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន១. កាំបិតកែច្នៃ ដងរុំស្កុតពណ៍ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន ០១ដើម ២-ម៉ូតូ​ ចំនួន៣គ្រឿង និងកាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន០១ដើម កំប៉ុងហ្គាស ចំនួន០១ និងគ្រាប់ជ័រ ចំនួន ០១ថង់ ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ។

ជនសង្ស័យ ១,ឈ្មោះ​ អៀន វណ្ណឆេង ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​
២,ឈ្មោះ​ យួត រ៉ាយុត ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​
៣,ឈ្មោះ​ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​
៤,ឈ្មោះ​ ណាន សំរេច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយ ស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ៥,ឈ្មោះ​ ម៉ែន ជូស៊ឹង (ហៅសិញ)​ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន​ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងជំនាញសួរនាំរួចមក បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមានគ្នាចំនួន ០២នាក់ គឺជនរងគ្រោះឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងស្តាំចំនួន ០១កន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ​ ឆេង ឆាលី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ដោយសារពួកគេមានជម្លោះគ្នាពីមុនមក ។

ដោយបានស្តាប់ចម្លេីយសារភាព​របស់ជនសង្ស័យទាំង ៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា​ ការបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ក្មេងទំនេីងទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ ចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

 

kdn

Leave a Reply

Your email address will not be published.