(ឧត្តរមានជ័យ): បុណ្យភ្ជុំបិណ្ឌ កានើបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាតាមបែបទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសអ្នកមានគុណឪពុកម្ដាយនៅឯស្រុកកំណើត ដើម្បីរៀបចំធ្វើម្ហូបអាហារ បាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរលង់ណាស់មកហើយ ពិធីបុណ្យដាក់វេនកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០២២នេះ ត្រូវនិងថ្ងៃបិណ្ឌទី១ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងឯកឧត្តម លោកជំទាវ មន្រ្តីរាជការ ស៊ីវិល និងប្រជាពលរដ្ឋ បានអញ្ជើញ នាំយក ចង្ហាន់ ទ័យទានគ្រឿង ឧបភោគបរិភោគ និងបច្ច័យ យកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅត្រង់ចំណុចក្នុងភូមិសំរោងសង្កាត់ សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ផងដែរថាអត្ថប្រយោជន៍នៃពិធី បុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបស្នងសងគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីហេតុនាំឲ្យសុខ និងវិនាសផងដែរ។ម៉្យាងវិញទៀតធម៌បង្ហាញក្តីវិនាសទាំង១២ប្រការនេះ ត្រូវបានព្រះសង្ឃជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធមានសង្ឃដីកាថា ប្រសិនបើប្រជាពុទ្ធបរិស័ទស្តាប់ ហើយពិចារណា នឹងធ្វើឲ្យជីវិតកាន់តែប្រសើរ និងចៀសផុតពីក្តីវិនាសទាំងឡាយ ទទួលបាននូវសេចក្តីសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គមផងដែរ។ដោយ ឈឿន ប៊ុនឈី